ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្ដម លោកជុំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តរាប់បាត្រ បង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ៦ នៅវត្តខេមររាជការាម ហៅប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។