រាជធានីភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់បានបើករថយន្តម៉ាក RANG ROVER មួយគ្រឿង បោះពួយក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរ៉ឺម៉កម៉ូតូលក់បន្លែ ផ្លែឈើនៅតាមដងផ្លូវ និងម៉ូតូបន្តបន្ទាប់បណ្ដាលឱ្យអ្នកលក់ដូរ និងអ្នកចូលផ្សាររងរបួសធ្ងន់និងស្រាលចំនួន ០៥នាក់ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្សារប្ញស្សីកែវថ្មី ហៅផ្សារសាំហាន់ នៅក្នុងភូមិទូលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AU-9994 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង (ពីជ្រោះបាត់ស្នេហ៍) ដោយល្បឿនលឿន។ នៅពេលធ្វើដំណើរហួសផ្សារសាំហាន់បន្តិច ស្រាប់តែរថយន្តរេចង្កូតទៅឆ្វេងដៃបុករះរ៉ឺម៉ក លក់បន្លែ, ផ្លែឈើ និងម៉ូតូជាបន្តបន្ទាប់ បណ្ដាលឲ្យអ្នកដំណើរ និងអ្នកលក់ដូរចំនួន ០៥នាក់ បានរងរបួសធ្ងន់-ស្រាល ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នេះ បណ្ដាលឲ្យរ៉ឺម៉ូតូលក់បន្លែផ្លែឈើចំនួន០២គ្រឿង និងម៉ូតូចំនួន ០២គ្រឿងបានរងការខូចខាតដោយធ្វើអោយបន្លែ ផ្លែឈើនៅរាយប៉ាយពេញផ្លូវ ។ ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខ ។
តាមអ្នកបើកបរបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនត្រូវបានមេប្រើឲ្យបើករថយន្តយកទៅជួសជុល ។ នៅពេលធ្វើដំណើរតាមផ្លូវ ស្រាប់តែរថយន្តដាច់កាឡេររចង្កូតទៅបុករះអ្នកលក់ដូរនៅតាមដងផ្លូវតែម្ដង ។
ក្រោយពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបរត្រូវបានឃាត់ខ្លួន។ រថយន្តត្រូវបានសមត្ថកិច្ចនគរបាលចុះទៅវាស់វែងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីដោះស្រាយតាមនីតិវិធី ច្បាប់៕


