ខេត្តកណ្តាល៖ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ នារសៀលថ្ងៃថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកណ្តាល សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបិទមហោស្រពសិល្បៈ មហាជន ខេត្តកណ្តាល លើកទី៧ ឆ្នាំ២០២៥។
មានប្រសាសន៍បិទមហោស្រពសិល្បៈមហាជនខេត្តកណ្ដាលលើកទី៧ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ឆ្នាំនេះជាលើកទី៧ នៃមហោស្រពសិល្បៈមហាជនរបស់យើង ហើយបានជ្រើសរើសយកជំនាញចម្រៀងសម័យ សម្រាប់ឱ្យបេក្ខជន បេក្ខនារី ឡើងមកបង្ហាញសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន។ ការប្រារព្ធមហោស្រពនាពេលនេះ ជាការជំរុញផ្សព្វផ្សាយធនធានសិល្បៈក្នុងខេត្ត ការផ្លាស់ប្តូរចំណេះដឹង ជំនាញសិល្បៈ បទពិសោធន៍ និងទេពកោសល្យ ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការ ស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យស្ថិតស្ថេរគង់វង្ស នូវកេរដំណែលសិល្បៈវប្បធម៌ជាតិគ្រប់ផ្នែក និងគ្រប់ទម្រង់ទាំងបុរាណ និងសម័យ រក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការ អភិវឌ្ឍ ។
ឯកឧត្តមបានបន្តថា៖តាមរយៈការបង្ហាញសមត្ថភាពចម្រៀងរបស់បេក្ខជននាពេលនេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា ខេត្តកណ្តាលយើង ពិតជាមានធនធានផ្នែកសិល្បៈវប្បធម៌ដ៏សម្បូរបែបដែលមិនអាច ប្រកែកបានទាំងសិល្បៈរបាំ ចម្រៀង វង់ភ្លេងបុរាណ សម័យ និងផ្នែកផ្សេងៗទៀតដែលមិនបានរៀបរាប់អស់ ហើយធនធានទាំងអស់នេះគឺស្ថិតនៅជិតៗ ជុំវិញយើង គ្រាន់តែយើងមិនបានយកចិត្តទុកដាក់ផ្សព្វផ្សាយផលិតផលវប្បធម៌របស់យើងឱ្យបានទូលំទូលាយ មិនតែប៉ុណ្ណោះ យើងមិនបានបង្កើតឱកាសក្នុងការចូលរួមបង្ហាញទេពកោសល្យសមត្ថភាពរបស់ពួកគាត់។
ឯកឧត្តមបានបន្ថែមថា៖ មហោស្រពសិល្បៈមហាជនរបស់យើងនឹងបន្តមានជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកផ្សព្វផ្សាយធនធានសិល្បៈវប្បធម៌ក្នុងខេត្តរបស់យើង និងផ្តល់ឱកាសដល់សិល្បករ សិល្បការិនីទាំងអស់ បានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីពង្រឹង និងបង្វែរទិសវិស័យសិល្បៈ ឱ្យក្លាយទៅជា វិស័យសកម្មចូលរួមដោយផ្ទាល់ និងដោយប្រយោល ដល់កំណើនសេដ្ឋកិច្ច និងការធានានូវចីរភាពផ្នែកចំណូលរបស់ប្រជាជន។
ឯកឧត្តមអភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្ត ទុកដាក់អនុវត្តសកម្មភាពការងារឱ្យបានកាន់តែល្អប្រសើរថែមទៀត
លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានថ្លែងថា៖ មហោស្រពសិល្បៈ មហាជន ខេត្តកណ្តាល លើកទី៧ ឆ្នាំ២០២៥ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយ ជ្រើសរើសវិញ្ញាសា ចម្រៀងសម័យ ក្នុងគោលបំណងជាការជំរុញផ្សព្វផ្សាយធនធានសិល្បៈវប្បធម៌ដ៏សម្បូរបែប គ្រប់ផ្នែក និងគ្រប់ទម្រង់ទាំងបុរាណ និងសម័យដោយទទួលបាន សិល្បករ សិល្ប ការិនី ចូលរួមដាក់ពាក្យ មកពីតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត មានចំនួន ៤២នាក់ ។
លោកស្រីបានបញ្ជាក់ថា៖គណៈកម្មការ គណៈមេប្រយោគ បានធ្វើការវាយតម្លៃ ដាក់ពិន្ទុដល់បេក្ខជន បេក្ខនារី ដែលបានចូលរួមទៅតាមវគ្គដោយជុំទី១ ជ្រើសរើសចំនួន ២៤នាក់ នារី១២នាក់ បុរស១២នាក់ ជុំទី២ ជ្រើស រើស ១២នាក់ នារី៦នាក់ បុរស៦នាក់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជ្រើសរើស ៦នាក់ នារី៣នាក់ បុរស៣នាក់ និងវគ្គផ្តាច់ព្រ័ត្រ គឺជ្រើសរើសបេក្ខជន បេក្ខនារីឆ្នើម ចាត់ជាចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ នារី និង លេខ១ លេខ២ លេខ៣ បុរស។ បេក្ខជន បេក្ខនារីទាំងអស់ ដែលបានចូលរួមសុទ្ធតែមានជំនាញ និងបទពិសោធន៍ ព្រមទាំងរក្សាបាននូវគុណតម្លៃដ៏ថ្លៃថ្នូររបស់ជាតិ ។ ក្នុងនោះ គណៈមេប្រយោគ ក៏បានសម្រេចផ្តល់នូវចំណាត់ថ្នាក់កិត្តិយស និងរង្វាន់លើកទឹកចិត្ត ដល់សិល្បករ សិល្បការិនីគ្រប់ៗរូបផងដែរ ។
សូមបញ្ជាក់ថា៖ ឆ្លងតាមវគ្គផ្ដាច់ព្រ័ត្ត វិញ្ញាសាចម្រៀងសម័យបុរស(ជុំផ្តាច់ព្រ័ត្របេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន មកពីស្រុកកណ្ដាលស្ទឹង ចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខជនមកពីស្រុកមុខកំពូល និងចំណាត់ថ្នាក់លេខ៣ បានទៅលើបេក្ខជនមកពីក្រុងតាខ្មៅ ចំណែកបេក្ខនិរីវិញ្ញាសាចម្រៀងសម័យនារី(ជុំផ្តាច់ព្រ័ត្រទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារីមកពីក្រុងអរិក្សត្រ ចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខនារីមកពីក្រុងតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើបេក្ខនារីមកពីក្រុងតាខ្មៅ៕