គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ICRC បានប្រគល់សារដំណឹងរបស់គ្រួសារ ជូនដល់យោធិនទាំង១៨នាក់ និងសាររបស់យោធិនមកក្រុមគ្រួសាររបស់ពួកគាត់វិញ


(AKP ភ្នំពេញ) នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។


នៅក្នុងជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានលើកឡើងដោយសង្ខេបអំពីសកម្មភាពជាចម្បងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការគាំទ្រជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ជូនដល់គណៈប្រតិភូ (ICRC) មានដូចជា៖ ការផ្តល់អំណោយស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ចាំបាច់, ការចូលរួមសកម្មរបស់យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ក្នុងការផ្សព្វផ្សាយសុខភាពអនាម័យ, ការអប់រំ និងបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់អំពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម, សកម្មភាពមនុស្សធម៌ផ្សេងៗទៀតដើម្បីគាំទ្រជីវភាពរស់នៅរបស់ជនភៀសសឹក។


បន្ថែមលើនេះ តាមការបញ្ជាក់ពី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ៖ ថ្ងៃនេះជាឱកាសដ៏ល្អប្រសើរ ដោយសារថ្ងៃនេះបានប្រធានប្រចាំតំបន់ដែល ជាលើកទីមួយមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ជំនួបនេះគឺ ជាការចាត់ចែងជាផ្លូវការដើម្បីនិយាយអំពីកិច្ចសហប្រតិបត្តិការកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហើយមួយទៀតគឺពាក់ព័ន្ធជាមួយរឿងដំណឹងរបស់វីរយុទ្ធជនរបស់យើងទាំង១៨នាក់ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។


ឯកឧត្តមបានជម្រាបជូនដែរថា លោក ច័ជ ម៉ុនតានី ( Jurg Montani ) បានសម្ដែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពឆ្លើយតបត្រឹមត្រូវ និងទាន់ពេលវេលារបស់ កាកបាទក្រហមកម្ពុជា។ ក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។  ហើយសារទាំងនេះត្រូវបាន អាយ.ស៊ី.អរ.ស៊ី.​ ប្រគល់មកកាកបាទក្រហមកម្ពុជា ក្នុងជំនួបនេះផងដែរ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា បន្តប្រគល់ជូនគ្រួសាររបស់វីរយុទ្ធជន។ 


ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ​ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន​ គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ»។


គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។ 


គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕AKP






Previous Post Next Post
Breaking News