សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ ក្រឹង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នាក់នៅបន្ទប់ជួលលេខ៨០ ជាន់ទី២ ទីតាំងកើតហេតុខាងលើ ។
យោងតាមការបំភ្លឺពីឈ្មោះ ឃិត ស្រីនិត ភេទស្រី អាយុ២១ឆ្នាំ ជាមិត្តភក្តិស្នាក់នៅជាមួយជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនរងគ្រោះ ព្រមទាំងមិត្តភក្តិចំនួន០៣នាក់ទៀត បានជួលបន្ទប់ស្នាក់នៅជាមួយគ្នា, កន្លងមកជនរងគ្រោះតែងតែយកអង្រឹងចងដេកមុខបន្ទប់។ នៅវេលាម៉ោង២៣៖៥៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានត្រឡប់មកដល់បន្ទប់វិញដោយអាការៈស្រវឹងស្រាខ្លាំងដើរទ្រេតទ្រោត រួចក៏យកអង្រឹងទៅចងដេកមុខបន្ទប់ដូចសព្វដង លុះមួយសន្ទុះក្រោយស្រាប់តែឮសម្លេងលាន់ស័ង្កសីប្រាវ ដោយគិតថាឆ្មាលោត។ រហូតនៅវេលាម៉ោង០៥៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានមនុស្សផ្អើលឆោឡោថាមានមនុស្សស្លាប់ ទេីបរូបគាត់និងគ្នីគ្នាបានបើកបន្ទប់ចេញមកក្រៅមើលទៅក្រោមឃើញសាកសពជនរងគ្រោះស្លាប់នៅលើសាបជាន់ក្រោមពីខាងក្រោមបង្កាន់ដៃបន្ទប់ ។
បេីយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពឃើញថា នៅវេលាម៉ោង០០៖៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានឈរនោមនៅពីខាងមុខបន្ទប់នៅជាន់ទី២ រួចក៏មានអាការៈដើរទ្រេតទ្រោត ហើយក៏ដើរទៅមុខវិញតោងឡើងបង្កាន់ដៃ និងបានរបូតដៃធ្លាក់ចុះទៅក្រោមតែម្នាក់ឯង មិនឃើញមានអ្នកណានៅក្បែរនោះទេ ។
តាមការពិនិត្យកន្លែងកើតហេតុពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ធ្លាក់ពីលើបង្កាន់ដៃអាគារជាន់ទី២)។
បច្ចុប្បន្ននេះ សាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




