ខេត្តកណ្តាល៖ ករណីវិវាទដីធ្លីនៅចំណុចបឹងជើងលោង (បឹង ៥០០) ស្ថិតនៅភូមិអំពិល ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលក្នុងកិច្ចប្រជុំពីសំណាក់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកស្អាង មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។
ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា មុននឹងដោះស្រាយបញ្ចប់ករណីវិវាទដី ស្ថិតនៅចំណុចបឹង ៥០០ ទំហំដីវិវាទ ២៥ហិកតា ដែលមានអ្នកពាក់ព័ន្ធចំនួន ៧ភាគី នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលតាំងពីឆ្នាំ ២០២៤ គឺក្រុមការងារ និងមន្ត្រីជំនាញបានចុះពិនិត្យ ៣ដង បានអញ្ជើញភាគី និងអ្នកពាក់ព័ន្ធមកបំភ្លឺ សរុប ១១ដង បានចុះស្រាវជ្រាវដល់រដ្ឋបាលឃុំ ២ដង ប្រជុំនៅខេត្តដោយក្រុមការងារ ១ដង ប្រជុំដោយឯកឧត្តមអភិបាលខេត្ត ៤ដង។ សរុបរួម ២១ដង ហើយពេលប្រជុំខ្លះ មានមនុស្សដល់ជិតរយនាក់ ទេីបបានសះជា នៅព្រឹកនេះ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់គ្រប់ភាគីជម្លោះ ដែលយល់ព្រមស្រុះស្រួលគ្នាបញ្ចប់ជម្លោះ ពីព្រោះរាល់ជម្លោះទាំងអស់គឺស្មុគស្មាញណាស់សម្រាប់អាជ្ញាធរ ក៏ដូចជាម្ចាស់ជម្លោះ។











