ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខា ស្រុកពញាឮ ចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះឧបទ្ទវហេតុលង់ទឹកស្លាប់ ស្ថិតនៅភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥។
មានមតិសំណេះសំណាលនាឱកាសនោះ៖ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់គ្រួសារសព។
ក្នុងឱកាសនោះដែរ លោកជំទាវ៖ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹកស្លាប់បាន។
លោកជំទាវ៖ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
សូមបញ្ជាក់ថា៖ គ្រួសារដែលបានរងគ្រោះដោយលង់ទឹកស្លាប់ មានចំនួន ២នាក់ ឈ្មោះ ជា សុធា ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាឪពុក (ពិការជើងខាងស្តាំដាក់ជើងសិប្បនិម្មិត) និងឈ្មោះ ធា ម៉េងជូរ អាយុ៧ឆ្នាំ ត្រូវជាកូនប្រុស ដែលបានជួបឧបទ្ទវហេតុនៅ ថ្ងៃទី ០៤ ខែវិច្ឆកា ឆ្នាំ២០២៥។
អំណោយជាសម្ភារដែលប្រតិភូសាខា បានផ្តល់ជូនគ្រួសារសពមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស និងត្រីខ ១យួរ និងថវិកាចំនួន ១លានរៀល។









