ខេត្តប៉ៃលិន÷អតីតមន្ត្រីយោធាចូលនិវត្តន៍ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជនរងគ្រោះទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងកូនបង្កើត ដោយឪពុកបានទះកំផ្លៀងជនសង្ស័យជាកូន០១ដៃ បណ្តាលឱ្យជនសង្ស័យខឹងច្រឡោត ទាញយកចបកាប់វាយប្រហារទៅលើឪពុកបង្កើត បណ្តាលឱ្យត្រូវរបួសចំក្បាល និងរបួសក ប្រកាច់ស្លាប់ភ្លាមៗតែម្តង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណផ្ទះជនរងគ្រោះ ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ។
បើតាមលោក សាន់ សរ មេភូមិប៉ាហ៊ីជើង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោង ខែម ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតមន្ត្រីយោធា រីឯជនសង្ស័យជាកូនឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ ទាំង២នាក់រស់ នៅជាមួយគ្នាក្នុងភូមិខាងលើ ។
លោកបន្តទៀតថា មុនពេលកើតហេតុ ជនដៃដល់ជាកូន បានដើរកើបលាមកសត្វឆ្កែអ្នកភូមិ ដែលបានចូលមកបន្ទោរបង់នៅក្នុងបរិវេណផ្ទះរបស់ខ្លួន ដោយស្រែកជេរបញ្ចោរខ្លាំងៗ ធ្វើឱ្យរំខានដល់ឪពុកដែលជាជនរងគ្រោះ និងមានការប្រកែកគ្នាចុះឡើងៗ ។ បន្ទាប់មកជនរងគ្រោះក៏ស្ទុះទៅទះកំផ្លៀងជនដៃដល់០១ដៃយ៉ាងពេញទំហឹង ទើបធ្វើឱ្យជនដៃដល់ខឹង ក៏រត់ទៅទាញយកចបកាប់ ដែលនៅក្បែរនោះ វាយប្រហារទៅលើឪពុក បណ្តាលឱ្យត្រូវរបួសក្បាលផ្នែកខាងមុខ និងរបួសកស្លាប់ ក្នុងថ្លុកឈាម ។
លោកបន្តទៀតថា ពេលនោះកូនដទៃទៀត ដែលរស់នៅក្បែរឃើញហេតុការណ៍បែបនេះ ក៏រត់ទៅបម្រុងនឹងជួយជនរងគ្រោះដែរ តែអ្វីៗបានហួសពេលបាត់ទៅហើយ ខណៈដែលជនដៃដល់ឃើញសភាពមិនស្រួលក៏ទម្លាក់ចបកាប់ចោល រត់គេចខ្លួនបាត់ស្រមោល ។
លោកបន្ថែមទៀតថា ពេលនេះសមត្ថកិច្ចនគរបាល ក្រុងប៉ៃលិន កំពុងតែដុតដៃដុតជើង តាមរកចាប់ជនដៃដល់ជាកូន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
លោកមេភូមិបញ្ជាក់ទៀតថា ជនដៃដល់ ធ្លាប់ប្រើប្រាស់ថ្នាំញៀន រហូតដល់បែកថ្នាំ ហើយក៏បង្កហិង្សាដល់អ្នកដទៃជាញឹកញាប់ ដោយត្រូវជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុន ត្រូវបានឪពុកធានាឱ្យចេញក្រៅឃុំ ដើម្បីរស់នៅជាមួយខ្លួន លុះនៅថ្ងៃកើតហេតុ បន្ទាប់ពីឈ្លោះប្រកែកគ្នាក៏កាប់ប្រហារឪពុកបណ្តាលឱ្យស្លាប់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះ ក្រោយពិនិត្យសពរួច ក៏ប្រគល់ជូនក្រុមគ្រួសារឱ្យរៀបចំធ្វើបុណ្យតាមប្រពៃណី ៕


