ខេត្តកណ្តាល៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ នៅក្នុងបរិវេណសាលាស្រុកស្អាង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៤០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកនូវបញ្ហាប្រឈមនានា សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា វេទិកានេះមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេសវេទិកានេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរនានា សម្រាប់ការពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌឹម ប៉ូរា អភិបាលរងខេត្តកណ្តាល បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ជាលទ្ធផលសំរាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ៤៨ សំណើ សំណូមពរ ក្នុងនោះរួមមាន៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ចំនួន ៦ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ ផ្នែកសង្គមកិច្ច ចំនួន៣ ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុចំនួន១០។











