ខេត្តកណ្តាល៖ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន និងលើកឡើងបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល តំណាងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ មានសិទ្ធិបញ្ចេញមតិយោបល់បញ្ហាប្រឈមក្តី កង្វល់នានា ដើម្បីឲ្យអង្គវេទិកាជួយដោះស្រាយនូវបញ្ហាទាំងអស់នេះ ស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ៖ គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើងផងដែរ។
ថ្លែងនៅក្នុងវេទិកានេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ក៏បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកជំទាវ អភិបាលរងខេត្ត បានគូសបញ្ចាក់ថា៖ រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើ ក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះ ស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
សូមជម្រាបផងដែរថា៖ ក្នុងវេទិកានេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ០៧សំណើ សំណើជាលិខិត ចំនួន០៦សំណើ ស្មើនិង០៦សំណើ សំណើផ្ទាល់មាត់ ចំនួន០១សំណើ ស្មើនឹង០១សំណើ។ក្នុងនោះសំណើរ និងសំណូមពរ ក្នុងផ្នែកសេដ្ឋកិច្ច ចំនួន០៣ ផ្នែកសង្គមកិច្ច ចំនួន០២ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ចំនួន០២ ៕









