ខេត្តកណ្តាល៖ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ រួមកម្លាំងសាមគ្គីជាតិ និងដើម្បីផ្ដល់កម្លាំងចិត្ត បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នៅរសៀលថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុកកៀនស្វាយ បានចូលរួមជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស ដាល់អំបុកសម្រាប់ផ្តល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ក្នុងបរិវេណវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ស្របតាមតាមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» របស់សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន។
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងប្រជាជាពលរដ្ឋទាំងអស់បានរៀបចំព្រឹត្តិការណ៍ដាល់អំបុកនាពេលនេះ គឺមានគោលបំណងដើម្បីបញ្ជូនទៅជួយជាស្បៀងដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសិក ហើយកាលដាល់អំបុកនៅពេលនេះ គឺមិនត្រឹមតែជួយដល់វីរៈកងទ័ពប៉ុណ្ណោះទេ តែក៏បានបង្ហាញពីស្មារតីការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ហើយការដាល់អំបុកនេះដែរនេះ គឺមិនមែនមានតែនៅក្នុងស្រុកកៀនស្វាយនេះទេ គឺរដ្ឋបាលខេតបានដាក់គោលដៅសម្រាប់គ្រប់ក្រុង-ស្រុកទាំង១៣ ដោយក្នុងមួយក្រុង-ស្រុកត្រូវត្រៀមអំបុកចំនួន១តោន ។
នាឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវទៅដល់អាជីវករលក់ស្រូវ និងអ្នកលក់អំបុក សូមមេត្តាកុំយកឱកាសនេះក្នុងការដំឡើងថ្លៃ ពីព្រោះពេលនេះគឺជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាជួយដល់ជាតិ លោកជំទាវបានបញ្ជាក់ទៀតថា ក្រៅពីអំបុកសម្រាប់ជួយដល់កងទ័ព រដ្ឋបាលខេត្តក៏សូមធ្វើការអំពាវនាវទៅដល់សប្បុរសជននានា សូមមេត្តាបន្តជួយឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តក្តី រដ្ឋបាលក្រុង-ស្រុកក្ដី មានជាអង្ករ មី ត្រីខទឹក សម្ភារៈប្រើប្រាស់ ខោអាវ ថ្នាំពេទ្យជាដើម ទៅតាមលទ្ធភាពដើម្បីជួយដល់ជនភៀសសឹក ក៏ដូចជាវីរៈកងទ័ពនៅជួរមុខផងដែរ។
លោក មុត សារិទ្ធ មេឃុំគគីរ ស្រុកកៀនស្វាយ បានមានប្រសាសន៍ថា ការដាល់អំបុកគិតត្រឹមព្រឹកមិញនេះ គឺបានចំនួន ៣៥០គីឡូ ហើយយើងទាំងអស់គ្នា តាំងចិត្តនឹងប្ដេជ្ញាដាល់អំបុកឱ្យបានចំនួន ១តោនហើយ សម្រាប់ជួយដល់វីរៈកងទ័ព និងជនភៀសសឹក។ លោកបានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងវារៈកងទ័ពជួរមុខ ចំពោះការដោះស្រាយ និងការទប់ទល់ជាមួយចោលឈ្លានពាន។











