ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ មានសមាជិកគ្រួសារច្រើន និងមានសមាជិកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។
លោកជំទាវ បានបញ្ជាក់ថា៖ អំណោយដែលសាខា បាននាំមកផ្តល់ជូនបងប្អូននាឱកាសនេះ គឺជាការរួមចំណែក ក្នុងការចូលរួមដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងការខ្វះខាត ទន្ទឹមនឹងនោះសម្ភារៈទាំងនេះមិនអាចជួយបងប្អូនបានរហូតទេ លុះត្រាតែបងប្អូនខិតខំក្នុងការប្រកបរបរចិញ្ចឹមជីវិតបន្ថែម ដើម្បីជួយសម្រាលជីវភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ហើយអំណោយដែលកាកបាទក្រហមផ្ដល់ជូននៅពេលនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
បន្ទាប់ពីសំណេះសំណាលជាមួយក្រុមគ្រួសាររួចមក ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បន្តសួរសុខទុក្ខដល់សមាជិកគ្រួសារដែលកំពុងសម្រាកព្យាបាលជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីនោះ។
គូរបញ្ជាក់ផងដែរថា៖ គ្រួសារដែលមានសមាជិកច្រើន មានជំងឺប្រចាំកាយ និងមានជីវភាពក្រីក្របំផុតនេះ កន្លងមកធ្លាប់ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់នូវអំណោយជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធរសង្កាត់រកការខ្ពស់ ក៏ដូចជាអាជ្ញាធរក្រុងតាខ្មៅផងដែរ។
សម្ភារអំណោយដែលប្រតិភូសាខា បានចែកជូននៅពេលនេះ រួមមាន៖ អង្ករ ២០០គីឡូក្រាម ,មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអុីវ ៣យួរ ទឹកសុទ្ធ ៥កេស ឃីត(អាច ក្រមា) ២កញ្ចប់ មុងភួយ ២កញ្ចប់ សារុង ២ និងថវិកាចំនួន ៧០០,០០០រៀល និងបានឧបត្ថម្ភថវិកាជូនចេះជរា ជូនពិការ និងអ្នកជំងឺប្រចាំកាយនូវថវិកាមួយចំនួនផងដែរ។











