ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានធ្វើការណែនាំបែបនេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៩ ដែលរៀបចំធ្វើឡើងមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិតអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា លោកប្រធាន-អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក-លោកស្រីគ្រូពេទ្យ និងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តជាច្រើនផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានបន្តថា៖ គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាពនៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗ ឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ ត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយសហភាតរៈ និងសាធារណជន ព្រមទាំងគោរពច្បាប់បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះប្រតិភូក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ការអភិវឌ្ឍសមត្ថភាព បង្កើតសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រជូនអ្នកមកទទួលសេវាព្យាបាល និងថែទាំ តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានអោយដឹងថា ចាប់ពីថ្ងៃទី ១ខែមករា ដល់២៨ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល បានអនុវត្តសកម្មភាពអំពីការចុះបញ្ជីកាគណៈគ្រូពេទ្យខេត្តកណ្តាល៖
• បានចុះបញ្ជីកាថ្មីចំនួនៈ ២៦ នាក់
• សុំបន្តសុពលភាពៈ ៧៣ នាក់
• ផ្ទេរចូលចំនួនៈ ៩ នាក់
• ផ្ទេរចេញចំនួនៈ ៣ នាក់
• ទទួលបានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រចំនួន ១១៧នាក់ ជារួមខេត្តកណ្តាល អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ បានចុះបញ្ជីកាសរុបចំនួន៨៩២នាក់ ក្នុងនោះ វេជ្ជបណ្ឌិតឯកទេស ៣០ នាក់ គ្រូពេទ្យមធ្យម ៧៦ នាក់ និងបានទទួលអាជ្ញាប័ណ្ណវេជ្ជសាស្ត្រសរុបបាន ៧២៨ ក្នុងនោះមានគ្រូពេទ្យបរទេសចំនួន ២ នាក់។











