រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ចេង ផាន់ មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងលោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរបស់កងពលអញ្ជើញទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ចេង ផាន់ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់លោកមេបញ្ជាការកងពល សាកសួរសុខទុក្ខដល់ក្រុមគ្រួសារសពនិងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារនៃសព ដែលបានបាត់បង់ស្វាមី ឪពុក ជីតា ដែលជាទីគោរពស្រលាញ់ ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី ទេស សឿត មេបញ្ជាការរងកងពល ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយនាំយកនូវដួងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ព្រំ ថារី ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចលេខ៧០ទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។







