ឯកឧត្ដម បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការ ជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។
ឯកឧត្ដមក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង គឺមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ ជាមួយគ្នានេះផងដែរឯកឧត្ដមប្រធាន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គិភ័យទាំងអស់ ដែលបានសហការគ្នាល្អ ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកដទៃថែមទៀត។
អំណោយដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះ ទទួលបានដូចជា៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខកំប៉ុង ១យួរ ,ឃីត ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៤ លានរៀល។