ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋអោយបានឆាប់រហ័សនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានចំនួន៥ភូមិ គឺភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ និងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានចំនួន៤,៥៧៣ ក្បាលដី។
ថ្លែងក្នុងពិធីនោះលោក លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ គោលបំណងអំពីការបិទផ្សាយជាសាធារណៈនាពេលនេះ គឺដើម្បីទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យនូវទិន្នន័យអោយបានត្រឹមត្រូវ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទទ្រព្យ បើមានកំហុសឆ្គងដោយប្រការណាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ និងទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។
លោកអនុប្រធានមន្ទីរបានបន្តថា៖ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវ ដើម្បីបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព ស្ថេរភាពសង្គម ការអភិវឌ្ឍ និងប្រើ ប្រាស់ដីធ្លីប្រកបដោយទំនុកចិត្ត។
ក្នុងឱកាសនោះលោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចំនួន០៥ភូមិខាងលើ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ អោយបានគ្រប់ៗគ្នា៕