ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា និងអនុសាខា កក្រក ស្រុកកៀនស្វាយ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់អ៊ំស្រី ប្រាក់ ចាន់ថុន អាយុ ៥៩ឆ្នាំ ដែលមានជំងឺមហារីក ស្ថិតនៅភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។
លោកជំទាវបានបញ្ជាក់ថា អំណោយដែលសាខាបាននាំមកជួយឧបត្ថម្ភនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលនូវការលំបាកខ្វះខាតចំពោះមុខផ្នែកជីវភាពសម្រាប់ក្រុមគ្រួសារប្រចាំថ្ងៃ ក្នុងខណៈដែលអ៊ំស្រី ប្រាក់ ចាន់ថុន កំពុងតែសម្រាកព្យាបាលជំងឺ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង សូមគោរពជូនពរដល់អ៊ំស្រី ប្រាក់ ចាន់ថុន ឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
អំណោយដែលសាខាបានឧបត្ថម្ភជូនគ្រួសារអ៊ំស្រីមាន៖ ថវិកាចំនួន ២លានរៀល ,ផ្លែឈើ ១កន្ត្រកធំ ,ទឹកដោះគោអ៊ិនសូ ១កេស, អង្ករចំនួន ២៥គីឡូ , មីសួរ ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,។