ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំប្រចាំឆមាសទី១ និងប្រចាំខែកក្កដា និងខែសីហា របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ខេត្ត គ.ខ.ប.ជ. ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ខេត្ត គ.ខ.ប.ជ. បានមានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ កុំមានការធ្វេសប្រហែសជាដាច់ខាត់ ត្រូវបន្តខិតខំសហការគ្នាអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។
លោកជំទាវ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ខេត្ត គ.ខ.ប.ជ. ក៏បានបន្តទៀតថា អាជ្ញាធរក្រុង-ស្រុក ត្រូវក្តាប់ឱ្យបានអំពីគោលបំណងនៃការធ្វើចំណាកស្រុក និងចំណូលស្រុករបស់ប្រជាពលរដ្ឋ និងជនបរទេស ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ត្រូវរាយការណ៍មកថ្នាក់ខេត្តឱ្យទាន់ពេល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងចាត់វិធានការបានទាន់ពេលវេលាចំពោះករណីដែលសង្ស័យ។
លោកជំទាវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាបទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស បានយ៉ាងមានប្រសិទ្ធភាព។