ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាលការរៀបចំកិច្ចការរដ្ឋបាល ការតាក់តែងលិខិត និងព័ត៌មានវិទ្យា សម្រាប់ការិយាល័យ ដល់មន្ត្រីសាលាខេត្ត គឺសំដៅលើសិក្ខាកាម ទាំង៩០រូប ស្រី ៤០រូបដែលត្រូវទទួលការបណ្តុះបណ្តាលបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើកិច្ចការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព នេះគឺជាប្រសាសន៍របស់ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទវគ្គការរៀបចំកិច្ចការរដ្ឋបាល ការតាក់តែងលិខិត និងព័ត៌មានវិទ្យា សម្រាប់ការិយាល័យ ដល់មន្ត្រីសាលាខេត្តកណ្តាល នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងបន្តថា៖ ការរៀបចំវគ្គនេះគឺមានគោលបំណងរំលឹកឡើងវិញដល់សិក្ខាកាមអំពីមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការតាក់តែងលិខិត ទម្រង់លិខិត ខ្លឹមសាលិខិត ការទុកដាក់ឯកសារ ការចរាចរលិខិត ព្រមទាំងរបៀបរបបធ្វើការងារ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញការងាររបស់ខ្លួនអោយបានត្រូវគោលដៅដែលត្រូវការស្របតាមសៀវភៅណែនាំស្តីពី “ការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌឆ្នាំ ២០២៥” “គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា” និង“តួនាទីភារកិច្ចប្រកាស ៤២៧៤”។
ឯកឧត្តមបានបន្ថែមថា៖ ជាក់ស្តែងការអនុវត្តកន្លងមកគ្រប់អង្គភាព និងរដ្ឋបាលនីមួយៗមិនទាន់មានការឯកភាពគ្នានៅឡើយពាក់ព័ន្ធនឹងខ្លឹមសារលិខិត ទម្រង់លិខិត ព្រមទាំងរបៀបរបបនៃការទុកដាក់ ការបញ្ជូន និងការរក្សាទុកឯកសារ រដ្ឋបាល ឯកសារជាលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងកិច្ចការរដ្ឋបាលនៅឡើយ។
ឯកឧត្តមបានបន្តថា៖ ដើម្បីឆ្លើយតប គោលនយោបាយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ទើបរដ្ឋបាលខេត្តកណ្តាលក៏នៅមានការបណ្តុះបណ្តាល និងវគ្គសិក្សាជាច្រើនទៀតដែលរៀបចំដោយ ទីចាត់ការគ្រប់គងធនធានមនុស្សខេត្ត ដោយផ្អែកលើផែនការសកម្មភាព និងថវិកាអភិវឌ្ឍ សមត្ថភាពរបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីរដ្ឋបាលខេត្តរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក៏ដូចជាមន្ទីរ អង្គភាពជុំវិញខេត្តរបស់យើង។ ហេតុនេះសិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាបន្តបន្ទាប់ទៀត។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ បកស្រាយ របស់គ្រូ ឧទ្ទេស ព្រមទាំងចូលរួមយ៉ាងសកម្មពីសំណាក់លោក លោកស្រីជាសិក្ខាកាម ព្រមទាំងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពីគ្រូឧទ្ទេសថ្នាក់ជាតិនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីផ្ទេរចំណេះដឹង និងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៅក្នុងរដ្ឋបាល និងអង្គភាពនានាក្នុងខេត្តកណ្តាល សម្រាប់អនុវត្តបន្តឱ្យមានប្រសិទ្ធិភាព និងប្រសិទ្ធផលព្រមទាំងឱ្យមានលក្ខណៈឯកភាពគ្នា និងសម្របសម្រួលគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង់ និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់យើង។ដូច្នេះក្រោយពេលបញ្ចប់ការសិក្សាវគ្គនេះ សូម លោក លោកស្រី សិក្ខាកាមទាំងអស់ យកទៅអនុវត្តតាមសេចក្តីណែនាំ និងខ្លឹមសារដែលគ្រូឧទ្ទេសបានខិតខំពន្យល់បកស្រាយ ព្រមទាំងបទពិសោធន៍ដែលទទួលបាន ក្នុងការបណ្តុះបណ្តាល នៅក្នុងអង្គភាព របស់ខ្លួន និងអន្តរអង្គភាពឱ្យមានការឯកភាព និងស៊ីចង្វាក់គ្នាពីរអង្គភាពមួយទៅអង្គភាពមួយ ពីរដ្ឋបាលមួយទៅរដ្ឋបាលមួយ ទាំងទម្រង់លិខិត ខ្លឹមសារលិខិត ក៏ដូចជារបៀបរបបនៃការទុកដាក់ ការបញ្ជូនលិខិត ឱ្យបានល្អ និងត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល និងសេចក្តីណែនាំ នានា៕








