សម្រាប់ដំណោះស្រាយបញ្ចប់ជម្លោះដែលមានការចែកចាយខ្លាំងនៅលើបណ្តាញសង្គម បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានផ្ទាល់ពីលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ព្រមទាំងភាគីកូនបំណុល និងអ្នកទិញផ្ទះមួយនេះ។
ជាលទ្ធផល ដែលបញ្ចប់ជម្លោះមួយនេះ រួមមាន៖
*ទី១៖ ភាគីអ្នកទិញឈ្មោះ ហ៊ី សៀងលី បានចូលរួមដោះស្រាយជាថវិកាបន្ថែម ជូនភាគីតវ៉ាឈ្មោះ កៅ សុខណា ជាទឹកប្រាក់ចំនួន ៣៣.០០០ ដុល្លារ។
*ទី២៖ ភាគីតវ៉ាឈ្មោះ កៅ សុខណា យល់ព្រមទទួលយកថិវកាចំនួន ៣៣.០០០ដុល្លារ ពីភាគីអ្នកទិញឈ្មោះ ហ៊ី សៀងលី និងយល់ព្រមចាកចេញពីអចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តប្រគល់ឱ្យទៅភាគីអ្នកទិញឈ្មោះ ហ៊ី សៀងលី។
*ទី៣៖ ភាគីកូនបំណុលដែលខ្ចីប្រាក់ពីធនាគារឈ្មោះ កៅ សុគង់ (អវត្តមាន) ឈ្មោះ កៅ ចាន់ធី និងប្តីឈ្មោះ ផូរ រីន បានទទួលស្គាល់ថា ពួកគាត់បានយកអចលវត្ថុដែលមានចំណែកមត៌កមួយផ្នែករបស់ភាគីតវ៉ាឈ្មោះ កៅ សុខណា ទៅដាក់ធានាបំណុលជាមួយធនាគារ។
*ទី៥៖ ភាគីអ្នកទិញឈ្មោះ ហ៊ី សៀងលី បានយល់ព្រមដកពាក្យបណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងភាគីតវ៉ាឈ្មោះ កៅ សុខណា។
*ទី៦៖ បន្ទាប់ពីមានការឯកភាពភាពគ្នាខាងលើ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ អាជ្ញាសាលា និងអាជ្ញាធរ បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីឈានដល់ការអនុវត្តតាមការព្រមព្រៀងខាងលើ។
ភាគីពាក់ព័ន្ធទាំងអស់ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពួកគាត់ និងការរកដំណោះស្រាយលើករណីនេះ រហូតឈានដល់ការស្រុះស្រួលគ្នាបញ្ចប់។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការចុះរឹបអូសផ្ទះស្រ្តីម្នាក់នៅខណ្ឌជ្រោយចង្វារ ដែលនាំឲ្យផ្ទុះការចែកចាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ខណៈប្រធានតុលាការបញ្ជាឲ្យផ្អាកការអនុវត្ត និងឲ្យពិនិត្យឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា។
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ រីន (កូនប្រសារ) សងប្រាក់ដើមចំនួន ៩៥ ២៩៨,៩៤ ដុល្លារអាម៉េរិក រួមទាំងការប្រាក់ចំនួន១១% និងប្រាក់ពិន័យ២៤% ឱ្យទៅម្ចាស់បំណុលជាធនាគារ។
ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះ កៅ សុគង់ (ម្តាយ) ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និងឈ្មោះ ផូរ រីន (កូនប្រសារ) បានខ្ចីប្រាក់ពីធនាគារ ដោយយកបណ្ណដីដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះ អ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តីប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុលជាមួយធនាគារ។
នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ ក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលាបានចុះអនុវត្តនោះ ក៏មានឈ្មោះ កៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោច ឪពុកឈ្មោះ អ៊ុំ សុវណ្ណ ជាមួយម្ដាយឈ្មោះ កៅ សុគង់ ហើយបាន និងកំពុងកាន់កាប់ ដោយបានសង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិមរត៌កលើដីបន្ត ពីខ្មោចឪពុក ដែលដីនេះត្រូវបានម្តាយ និងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង៕







