រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យោងតាមសារសំឡេងរបស់ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ បានធ្វើការគោរពជូន ឯកឧត្តមរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មាន អគ្គនាយកដ្ឋានសោតទស្សន៍ ព្រមទាំងប្រធានសមាគម អង្គការ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបជាព័ត៌មានអំពីករណីយល់ច្រឡំមួយមកលើភ្នាក់ងារនៃអង្គភាពសារព័ត៌មាន រស្មីញូស៍។
ការចេញមុខបំភ្លឺជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយបានចោទប្រកាន់ថា មានបុគ្គលតាំងខ្លួនជាអ្នកកាសែតត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការឃុបឃិតជាមួយជនបរទេស ដឹកជញ្ជូនសម្ភារៈបម្រើឱ្យប្រតិបត្តិការឆបោក ដោយបានភ្ជាប់ជាមួយនូវរូបភាពរថយន្តពណ៌សមួយគ្រឿង ដែលមានបិទឡូហ្គោសម្គាល់អង្គភាពសារព័ត៌មាន រស្មីញូស៍។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសារសំឡេងថា ករណីនេះគឺជាការយល់ច្រឡំទាំងស្រុង។ ជាក់ស្តែង ហេតុការណ៍នេះគ្រាន់តែជារឿងចៃដន្យ ដែលភ្នាក់ងាររបស់សារព័ត៌មានរស្មីញូស៍រូបនោះ បានទៅទិញទូរសព្ទនៅទីតាំងកន្លែងកើតហេតុ ស្របពេលដែលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការឆែកឆេរទីតាំងនោះពាក់ព័ន្ធនឹងបទល្មើសស៊ីមហ្គេម។
លោកបណ្ឌិត បានបន្ថែមថា នៅក្នុងហេតុការណ៍នោះ ព្រះរាជអាជ្ញារងដែលដឹកនាំការចុះប្រតិបត្តិការផ្ទាល់ ក៏បានធ្វើការសាកសួរ និងស្តាប់ការបកស្រាយបំភ្លឺពីភ្នាក់ងារព័ត៌មាននោះរួចរាល់ហើយដែរ។ ដោយពិនិត្យឃើញថាគាត់ពិតជាពុំមានការពាក់ព័ន្ធណាមួយនឹងបទល្មើសនោះទេ តំណាងអយ្យការក៏បានអនុញ្ញាតឱ្យគាត់ត្រឡប់មកវិញជាធម្មតា។ ការចុះផ្សាយព័ត៌មានចោទប្រកាន់ខាងលើនេះ គឺជារឿងចៃដន្យនៃការយល់ច្រឡំក្នុងហេតុការណ៍តែប៉ុណ្ណោះ។
ដើម្បីជាតម្លាភាព ជម្រះមន្ទិលសង្ស័យ និងការពារកិត្តិយសរបស់ស្ថាប័នសារព័ត៌មាន លោកបណ្ឌិត បានណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យសាមីខ្លួនផ្ទាល់ ព្រមទាំងចាងហ្វាងអង្គភាពសារព័ត៌មានរស្មីញូស៍ ធ្វើលិខិតបំភ្លឺជាផ្លូវការមកកាន់សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ។ ផ្អែកលើលិខិតនេះ សមាគមនឹងរៀបចំជារបាយការណ៍លាយលក្ខណ៍អក្សរ គោរពរាយការណ៍បំភ្លឺជូន ឯកឧត្តមរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីជ្រាបជាព័ត៌មានផ្លូវការ។




