ខេត្តកណ្តាក៖ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី “សំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកិច្ចការនារីខេត្តកណ្ដាល” នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។
មានប្រសាសន៍សំណេះសំណាលនេះដែរលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរក្នុងការជួយស្រ្តី និងកុមារងាយរងគ្រោះក្នុងខេត្ត។ និងការពង្រឹងសមត្ថភាព ការជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា បន្តអភិវឌ្ឍសមត្ថភាព និងជំនាញ ការពង្រឹងរបៀបរបបធ្វើការងារ ភាពស្មោះត្រង់ និងការសាមគ្គីភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជូនដល់ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរកិច្ចការនារីខេត្តកណ្ដាលផងដែរ។
លោកជំទាវ ស្រ៊ុន ស្រីនាង បានឱ្យដឹងថា មន្ទីរកិច្ចការនារីខេត្ត ជាសេនាធិការឲ្យរដ្ឋបាលខេត្ត និងក្រសួងកិច្ចការនារី លើការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តវិស័យកិច្ចការនារី និងសមភាពយេនឌ័រនៅក្នុងខេត្ត។ ជាមួយនឹងគ្នានេះដែរលោកជំទាវក៏បានឱ្យអង្គពិធី លើកជាសំណើរ សំណូមពរ បញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងស្វែងយល់វឌ្ឍនៈភាពការងារ ឯកភាពផ្ទៃក្នុង ការគាំពារ លើកកម្ពស់សុខុមាលភាពស្រ្តី។
លោកស្រី ជុំ សុីណាត ប្រធានមន្ទីកិច្ចការនារីខេត្តកណ្តាល បានជម្រាបជូនថា មន្ទីរកិច្ចការនារីខេត្តមានគោលដៅ ក្នុងការលើកកម្ពស់ស្ថានភាពរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច និង ការធ្វើសេចក្តីសម្រេច ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយផ្អែក និងយោងលើផែនការយុទ្ធសាស្ត្ររបស់ នារីរតនៈទី៦ ផ្តោតលើការជម្រុញការបញ្ជ្រាបយេនឌ័រ ទៅក្នុងច្បាប់ គោលនយោបាយជាតិ ក្របខណ្ឌ កំណែទម្រង់របស់រាជរដ្ឋាភិបាល និងតាមវិស័យ។ ក្នុងនោះដើម្បីសម្រេចសមភាពយេនឌ័រ និងភាពអង់អាច របស់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ផ្តោតលើកម្មវិធីការបញ្ជ្រាបយេនឌ័រ ជាយុទ្ធសាស្ត្រស្នូល។









