ខេត្តកណ្តាល៖ នាសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស៊្រុន ស្រីនាង ហេរញ្ញិក គណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត ដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហមស្រុកកៀនស្វាយ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន០៣គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារកុមារីលង់ទឹកស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនា លោកជំទាវ ស៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
លោកជំទាវ ស៊្រុន ស្រីនាង បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ពិសេសនៅរដូវទឹកឡើងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដើរឱ្យពួកគាត់លង់ទឹកស្លាប់បាន។
លោកជំទាវ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង និងគ្រួសារកុមារីលង់ទឹក គឺមិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។ ជាមួយគ្នានេះផងដែរ លោកជំទាវ បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ដោយត្រូវធ្វើលិខិតស្នាមជូនពួកគាត់ឡើងវិញ រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារផ្សេងៗទៀតដោយសម្របសម្រួលជូនពួកគាត់ប្រកបដោយការយកចិត្តដាក់ខ្ពស់បំផុត។
អំណោយដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខកំប៉ុង ១យួរ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១លានរៀល។











