ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២០:៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ រិន ភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota Prius ពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BX-7332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនតូចចំនួន០២នាក់បានបើកយកមកឈប់ចតនៅលេីចិញ្ចើមផ្លូវគោលបំណងឆុងទឹកដោះគោឲ្យកូន ពេលនោះដែរស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅឆ្នូតក្រហម មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1CC-0165 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្ដមួយគ្រឿង មិនបានមើលមុខក៏ជ្រុល ទៅបុកផ្ទប់ពីក្រោយរថយន្ដ Toyota Prius យ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យសង្វេគ។
ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសពហើយទាក់ទងទៅក្រុមគ្រួសារបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដាះអាសន្នរង់ចាំការផ្ដោះស្រាយនេះនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕




