ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ១ ជិតស្ពានអ្នកលឿង ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវនៅនឹងកន្លែងកើតហេតុ ។
ភ្លាមនោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន០៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ ហ៊ាន សៀងហៃ, ឈ្មោះ ឆុន ឆាយ បានសារភាពថា ឈ្មោះ កល់ ដារ៉ុង អាយុ១៨ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ។
ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះមួយកាំបិតផ្គាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ចំពោះករណីនេះ កម្លាំងជំនាញសហការជំនាញកម្លាំងកោសល្យវិច្ច័យកំពុងបន្តនីតិវិធី។ ជនសង្ស័យ និងអ្នកពាក់ព័ន្ធជំនាញកំពុងសាកសួរ ៕


