ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកណ្ដាលបានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ។វេទិកាបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តស្លាកែត ស្រុកកៀនស្វាយ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន លើកឡើងបញ្ហាប្រឈម សំដៅរួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ ។អង្គវេទិកាក៏បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។
លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត៖ បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ដែលបបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា៖ គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ។ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើងផងដែរ។
ថ្លែងនៅក្នុងវេទិកានេះដែរ ឯកឧត្តម ខុនសេរីរដ្ឋា អភិបាលរងខេត្ត៖ បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមក៏បានបញ្ជាក់ជូនផងដែរថា៖ក្រោយពីបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្នុងបរិវេណ វត្តកំពង់ស្វាយ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកអង្គវេទិកាបានទទួល សំណើ សំណូមពរសរុបចំនួន ២៧ និងត្រូវបានចាត់អាទិភាពជូនសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយបានចំនួន ១៣ សំណើ សំណូមពរ ព្រមទាំងនៅសេសសល់មួយចំនួនទៀត ដែលមិនទាន់បានដោះស្រាយ និងកំពុងដោះស្រាយ ហើយត្រូវចាត់វិធានការដោះស្រាយបន្ត សរុបចំនួន ១៤ ក្នុងនោះរួមមាន៖ ពាក់ព័ន្ធការស្នើសុំផ្លូវបេតុង និងស្នើសុំដាក់លូកំដោះទឹក។
ឯកឧត្តមអភិបាលរងខេត្ត៖ ក៏បានគួសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើ ក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ជំរាបជូនផងដែរថា៖ អង្គវេទិការទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ២៩ស្ទួន១ ពីអ្នកចូលរួមជាង ៣៥៥នាក់។ ក្នុងនោះ -ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សរុបចំនួន ៥ -ផ្នែកសេដ្ឋកិច្ច សរុបចំនួន ១៤ -ផ្នែកសង្គមកិច្ច សរុបចំនួន ៣ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន ៧ស្ទួន១ ដែលសំណើរ និងសំណូមពរទាំងនោះត្រូវបាន លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។












