ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យលើទិន្នន័យក្បាលដីរបស់ខ្លួនដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវក្នុងរយៈពេល ១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានផ្សេងៗ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៥ភូមិ គឺភូមិចំការដូង ភូមិលើកដែក ភូមិព្រែកអណ្តូង ភូមិពោធិមិត្ត ភូមិអន្លង់ស្អាត ភូមិសំរោង ភូមិទួលស្លែង ភូមិពាមផ្ទោលកើត ភូមិពាមផ្ទោលលិច ភូមិឃ្លាំងកើត ភូមិឃ្លាំងលិច ភូមិថ្មី ភូមិទួលចាន់ ភូមិត្រឡោកបែក និងភូមិព្រែកខ្នាច ស្ថិតក្នុង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហាក់ សុខមករា បានលើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចនេះ ប្រជាពលរដ្ឋទាំង១៥ភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយ សូមទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយទៅអ្នកផ្សេងទៀត ដែលមិនបានចូលរួម ឱ្យគាត់មកពិនិត្យ ព្រោះរយៈពេលនៃការបិទមានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ ក្រោយការបិទផ្សាយនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយនិងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាមតម្រូវការ។
ឯកឧត្តមបានបន្ថែមថា៖ ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការងារនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសក្មួយៗដែលជាសិស្សានុសិស្ស យុវជនជាទំពាំងស្នងឬស្សី ព្រោះថាគ្រឿងញៀនល្បែងស៊ីសងទាំងអស់នេះគឺផ្ដល់នូវក្តីអន្តរាយដល់ខ្លួនឯង និងសង្គមជាតិ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។
លោក រឿន គង់ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីស្រុកកោះធំ បានឱ្យដឹងថា៖ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១៥ភូមិខាងលើ គឺមានរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំពោះស្រុកកោះធំបានបិទផ្សាយរួចមកដល់ពេលនេះមានចំនួន៦លើក ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី៧ ដែលមានក្បាលដីសរុបមានចំនួន ៧,៥០១ក្បាលដី៕










