សាលាជ័យថាវី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ គិតមកដល់សព្វថ្ងៃ មានអាយុកាលប្រមាណជាង ៣០ឆ្នាំមកហើយ។ ដំបូងឡើយ សាលានេះមានបន្ទប់សិក្សាត្រឹមតែ២ទៅ៣បន្ទប់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ សាលាជ័យថាវី មិនត្រឹមតែបើកបង្រៀនគួរសម្រាប់សិស្សថ្នាក់ទី១២នោះឡើយ តែក៏បានបើកជាគួរពិសេស ដើម្បីត្រៀមប្រឡងចូលមហាវិទ្យាល័យផ្សេងៗទៀត ដូចជា៖ មហាវិទ្យាល័យសុខាភិបាល មហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យជាច្រើនទៀត។
ចំណែកឯការរុះរើសំណង់សាលាជ័យថាវី គឺកើតឡើងបន្ទាប់ពីមន្ត្រី ជំនាញរបស់ក្រសួងចុះពិនិត្យឃើញថា សំណង់សាលាជ័យថាវី សង់អំពីដែកបិទផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឱ្យខូចសោភ័ណភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ហេតុនេះ ក្រសួងស្នើឱ្យម្ចាស់សំណង់ត្រូវរុះរើជាបន្ទាន់ ដើម្បីចៀសវាងបង្កការស្ទះដល់ការធ្វើចរាចរណ៍។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ក្រោយឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងម្ចាស់សំណង់សាលាជ័យថាវី ដាក់ពាក្យប្តឹងឱ្យអាជ្ញាធរ ពិនិត្យករណីរុះរើសំណង់របស់ខ្លួន។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកឯកឧត្តម សាយ សំអាល់ ពន្យល់ថាមុនមានការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី រុះរើសំណង់របស់ខ្លួន គឺបន្ទាប់ពីមន្រ្តីពាក់ព័ន្ធបានពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងបានឃើញថា សំណង់នេះសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់ ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។ «សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។»។ សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកកើតឡើងផងដែរ។ ឯកឧត្តម សាយ សំអាល់ បន្ថែមបែបនេះ ដោយបន្តអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយព័ត៌មាន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយខុស និងអាចបង្កការភ័ន្តច្រឡំ៕









