គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥


រដ្ឋបាលខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)  និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ជាពិសេសមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តកណ្តាលទាំងអស់ ពិតជាមានសេចក្តីអំណរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ” (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) ជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។


ឯកឧត្ដម បន្តថា៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ប្រជាជាតិកម្ពុជាយើងតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដើម្បីសម្តែងនូវការដឹងគុណ និងចងចាំនូវពលីកម្មដ៏ឧត្តុង្គឧត្តម និងថ្លៃថ្លារបស់ឥស្សរជន វីរជន យុទ្ធជន និងប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើនរុងរឿងរបស់ប្រទេសជាតិយើង។ ជាក់ស្តែងក្នុងគ្រាដ៏លំបាកនៃការប្រយុទ្ធជាមួយកងទ័ពថៃ វីរកងទ័ពរបស់យើងបានបង្ហាញនូវទឹកចិត្តអង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមុតស្រួច ស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលទាំងមូល ដែលបានរិះរកគ្រប់មធ្យោបាយ ទាំងយុទ្ធសាស្ត្រយុទ្ធ វិធីការទូត និងច្បាប់ ដើម្បីបញ្ចប់ជម្លោះរហូតឆ្ពោះដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាផ្លូវការ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ។


ឯកឧត្ដម បន្ថែមថា៖ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តមនាពេលនេះគឺ ដើម្បីរំលឹកពីព្រះ មហាគុណូបការៈដ៏ធំធេង នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជ បូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ "ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ "ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល យើងទាំងអស់ គ្នានៅចងចាំបានថាជា ចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២ ជាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។


ឯកឧត្ដម បញ្ជាក់បន្ថែមថា៖ ការទទួលបាននូវឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងការផ្តួចផ្តើមដោយខ្មែរខ្លួនឯង និងបានស្វែងរកមកយ៉ាងលំបាកជាទីបំផុតរហូតដល់សព្វថ្ងៃ។ ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរ យើងទាំងអស់គ្នា ត្រូវប្តេជ្ញាខិតខំយក អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» និងរួមគ្នាជាធ្លុងមួយក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាសន្តិភាព ដែលនាំមកនូវសុខ សន្តិភាពឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមរតកដ៏ថ្លៃថ្លា និងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើដំណើរយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ បុរេសកម្ម និងឆន្ទៈមុតស្រួច បន្តពូនជ្រុំថែរក្សា និងការពារ ឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍន៍ និងអត្ថិភាពជានិរន្តរនៃជាតិខ្មែរ ប្រកបដោយភាពឈ្លាសវៃ ជវភាព និងទស្សនវិស័យទំនើបជឿនលឿន។











Previous Post Next Post
Breaking News