ខេត្តឧត្តរមានជ័យ÷លោកវរះសេនីយ៍ ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកងកំលាំងចុះស្រាវជ្រាវ តាមដានស៊ើប អង្កេត និងបានកំណត់មុខសញ្ញាឈានដល់ការ ឃាត់ខ្លួនជាមុខសញ្ញាមេក្រុមឃាតករ ដែលបានស៊ីឈ្នួលសម្លាប់មនុស្សម្នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃ ក្នុងភូមិអូតា ម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ដោយធ្វើការរឹបអូសបានវត្ថុតាងរួមមាន អាវុធម៉ាក កា៥៩ ចំនួនមួយដើម និងគ្រប់ចំនួន០៦គ្រាប់។ សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យខាងលើជាមុខសញ្ញាស៊ីឈ្នួលសម្លាប់មនុស្ស ដែលសមត្ថកិច្ចបានតាមកំណត់មុខសញ្ញាដែលបានបាញ់សម្លាប់មនុស្សម្នាក់ នៅភូមិត្បូងដំរី ឃុំកំពង់ចំឡង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្នុងតំលៃ ៣០០០ដុល្លារអាមេរិក ។
បើតាមចម្លើយពីជនសង្ស័យចំពោះមុខសមត្ថកិច្ច ថានៅមានបក្សពួកពីរនាក់ផ្សេងទៀត ដែលកំពុងតែលាក់ខ្លួន នៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ក្នុងភូមិអូតាម៉េង ឃុំនឹងស្រុកអន្លង់វែង ដោយសមត្ថកិច្ច កំពុងតែដុតដៃដុតជើងតាមប្រម៉ាញ់ជាបន្ដបន្ទាប់ទៀត។ ក្រោយពីក្រុមឃាតករទាំងនេះបានបោកគ្រាប់បែកចំនួនពីរគ្រាប់ទៅលើហ្វូងសមត្ថកិច្ច ដើម្បីរំដោះខ្លួន និងបណ្ដាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ទទួលរងរបួសកាលបីថ្ងៃមុន ។
ដោយជនសង្ស័យ ដែលបានឃាត់ខ្លួនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ រីឯក្រុមបក្សពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញាជាបន្តរបន្ទាប់ ៕





