គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និងការបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងថវិកា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល


ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និងការបណ្តុះបណ្តាលស្តីពី វិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានរយៈពេល២ថ្ងៃត្រូវបានបិទបញ្ចប់ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រី សមាជិក សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនរូបផងដែរ។


ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា៖ សិក្ខាសាលា និងការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ ក្នុងគោលបំណង៖ (ទី១)៖ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារ និងអត្ថប្រយោជន៍នៃការរៀបចំរបាយការណ៍វិភាគ SWOT របស់ខេត្តកណ្តាល ជូនដល់មន្ត្រីពីបណ្ដាមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្ដាល (ទី២)៖បណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈ របស់មន្រ្ដីគ្រប់គ្រងហិរញ្ញវត្ថុ នៃមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកណ្តាល ការបណ្តុះបណ្តាលអំពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជា្ជជីវៈ ដល់មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមទិសដៅនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ថា៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណង (ទី១) ពង្រឹងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តមុខងារជាសេនាធិការជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី ខេត្ត លើការងារគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ (ទី២) ផ្សព្វផ្សាយអំពីសក្តានុពល កាលានុវត្តភាព និងព័ត៌មានសង្គម-សេដ្ឋកិច្ចរបស់រាជធានី-ខេត្ត ដើម្បីបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍន៍, (ទី៣) វិភាគអំពីចំណុចខ្សោយ និងហានិភ័យដើម្បីកំណត់ជាវិធានការ និងគោលនយោបាយសម្រាប់កែលម្អ និងដោះស្រាយឱ្យមានប្រសិទ្ធភាព និង (ទី៤) ជាឯកសារ ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការវិភាគអំពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាធាតុចូលសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រាជធានីខេត្ត, កម្មវិធីវិនិយោគ និងក្របខ័ណ្ឌថវិកា ឬឯកសារគោលនយោបាយផ្សេងៗ។


ថ្លែងក្នុងឱកាសបិទសិក្ខាសាលានេះដែរឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការធ្វើកំណែទម្រង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានមកដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម ” គឺដល់ពេល ដែលគ្រប់មន្ទីរជំនាញអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចាប់ផ្តើមធ្វើការគិតគួររៀបចំផែនការអភិវឌ្ឍសមត្ថភាពអង្គភាព  និងពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដូចជា ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS, ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ SAMIS, ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS និងការពង្រឹង គុណភាព ប្រសិទ្ធភាព រៀបចំផែនការអភិវឌ្ឍកម្មវិធីវិនិយោគបីឆ្នាំរំកិល ផែនការយុទ្ធសាស្រ្តថវិកា ផែនការសកម្មភាពឱ្យមានសង្គតិភាព និងភាពទាក់ក្រឡាគ្នាជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីរបស់ក្រសួងស្ថាប័ន និងកម្មវិធីកែទម្រង់នានា សំដៅចូលរួមសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព។


ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានបន្តថា៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគភាពខ្លាំងភាពខ្សោយ  ឱកាសនិងការគំរាមកំហែង SWOT និងបើកវគ្គបណ្តុះបណ្តាលស្តីពីវីធាន និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការគាំទ្រពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លើយតបចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹងសមត្ថភាពអង្គភាព និងការអភិវឌ្ឍធនធានមនុស្ស នៅថ្នាក់ក្រោមជាតិ ដើម្បីឈានដៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងវិបុលភាព។









Previous Post Next Post
Breaking News