រាជធានីភ្នំពេញ ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច នាព្រឹកថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត ទទួលមរណភាព ដោយរោគាពាធនៅជន្មាយុ ៧៧ឆ្នាំ នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ពិតជាមានសេចក្តីសោកស្តាយ និងក្រៀមក្រំជាទីបំផុត ដោយបានទទួល ដំណឹងមរណភាពរបស់ លោកសាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត ដែលត្រូវជាស្វាមីរបស់លោកស្រី នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុង ជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកសាស្ត្រាចារ្យ គឺពិតជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនដ៏ស្មោះស្ម័គ្រនិងស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបាន ពលីបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ រហូតដល់បច្ឆិមវ័យ ដោយបានរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទោះបីជាលោកសាស្ត្រាចារ្យ បានឃ្លាតចាក ឆ្ងាយពីយើងទាំងអស់គ្នាក្តី ក៏លោកសាស្ត្រាចារ្យ បានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចក្លាហាន ស្នាដៃ និង សមិទ្ធផលដ៏ធំធេងជាច្រើន ជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងការលើកកម្ពស់វិស័យសុខាភិបាល តាមរយៈ ការអភិវឌ្ឍធនធាន និងទំនើបកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល។
ជាថ្មីម្តងទៀត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ព្រមទាំងភរិយា សូមចូលរួម រំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃត្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរព និងការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា។











