រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនវីរៈកងទ័ពចំនួន ២០នាក់ ដែលកំពុងសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយមានការអញ្ជេីញចូលរួមពីលោក អភិបាលរងខេត្ត លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តនិងមន្ត្រីជាច្រេីនរូប។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីនិងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រជូនវីរ:កងទ័ពដែលកំពុងសម្រាកព្យាបាលចំនួន ២០នាក់ដោយ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពទាំងអស់ ដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ នឹងបន្តយកចិត្តទុកដាក់និងគាំទ្រយ៉ាងជិតស្និតដល់វីរកងទ័ព និងគ្រួសារកងទ័ព។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមទាំងមន្រ្តីក្រោមឱវាទ សូមគោរពដឹងគុណ និងបានកោតសរសើរការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន គំរូវីរភាពនេះ បានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំទុកជារៀងរហូត ក្នុងបេះដូង កូនខ្មែរគ្រប់ៗរូប។ក្នុងឳកាសនេះដែរ ជំនួសមុខ ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្តពិសេស ប្រជសជនទូទាំងខេត្ត ឯកឧត្តម
បានជូនពរដល់វីរ:កងទ័ព សូមឆាប់ជាសះស្បើយពីមុខរបួសនិងមានសុខភាពល្អប្រសើរឡើងវិញ។









