ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលក្រុងតាខ្មៅបានរៀបចំកិច្ចផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤” សម្រាប់បេក្ខភាពក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការរង នៃគណៈកម្មការ ជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ)ម ដែលបានការអញ្ជើញចូលរួមពីបណ្ដើមទីអង្គភាពពាក់ព័ន្ធផងដែរ។
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ខេត្តកណ្តាល ជាខេត្តមួយ ដែលមានធនធានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប ជាខ្សែក្រវ៉ាត់ដ៏ សំខាន់ និងគ្រប់រូបភាព របស់រាជធានីភ្នំពេញ ក្នុងនោះ ក្រុងតាខ្មៅ គឺជាទីប្រជុំជនដ៏ធំមួយរបស់រដ្ឋបាលខេត្ត ក្នុង ចំណោម ក្រុង ស្រុក ទាំង១៣ ផ្សេងទៀត ជាទីកន្លែងផ្តល់នូវភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ពោរ ពេញដោយ ភាពស្រស់បំព្រង មានបរិស្ថានស្អាត បរិសុទ្ធក្នុងការរស់នៅ ការប្រកបមុខរបរការងារ និងការសម្រាក កំសាន្តប្រកបដោយសុខសុវត្ថិភាព។
ឯកឧត្តមអភិបាលរងខេត្ត៖សូមថ្លែងអំណរគុណ ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបានចាត់ ចំណាត់ថ្នាក់ទីក្រុងតាខ្មៅជាទីក្រុងស្អាតចំណាត់ថ្នាក់ពានរង្វាន់ផ្ការំដួល២ទង និងជាទីក្រុងទេសចរណ៍ស្អាត អាស៊ាន ក្នុងការពិនិត្យ និងវាយតម្លៃនាពេលកន្លងៗមក និងបន្តដាក់បញ្ចូលក្នុងបញ្ជីបេក្ខភាពក្នុងចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤ ដើម្បីដណ្តើមយកពានរង្វាន់ផ្ការំដួល ៣ទង នាថ្ងៃនេះ ដែលជាក្តីសង្ឃឹមដ៏មុតមាំ របស់ប្រជាជនខេត្តកណ្តាល និងជាពិសេសប្រជាជនរស់នៅក្នុងក្រុងតាខ្មៅ ព្រោះថាពានរំដួល ៣ទង នឹងធ្វើឱ្យក្រុង តាខ្មៅរបស់យើង មានកេរ្តិ៍ឈ្មោះល្បី ទទួលស្គាល់ ទូទាំងប្រទេស លំដាប់ថ្នាក់នៃប្រទេសអាស៊ាន។
ឯកឧត្តម ឈុន មករា អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការរង នៃគណៈកម្មការ ជាតិវាយតម្លៃទីក្រុងស្អាតមានប្រសាសន៍ថា៖កម្ពុជាក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំបន្តវេនដ៏ស្វាហាប់ និងឃ្លៀសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព និងចំណេះដឹង បានធ្វើឱ្យ ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យ ទេសចរណ៍មានការរីកចម្រើនគួរឱ្យកត់សំគាល់ និងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស រឹងមាំ សក្តិសមជា -ទីក្រុងបៃតង” កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើង ជាពិសេស ចំណូលវិស័យទេសចរណ៏ ត្រូវបានចាត់បញ្ចូលភ្លាមៗ ទៅក្នុងចរន្តនៃសេដ្ឋកិច្ចជាតិ ទាំងនេះ គឺស្តែងចេញជាលទ្ធផលដែលបានមកពីការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្តទៀតថា៖ ចលនាទីក្រុងស្អាត គឺវាជាបន្ទាត់វាស់នៃការដឹកនាំក្របខ័ណ្ឌមួយ ហើយចលនាទីក្រុងស្អាតនេះគឺជាចលនាមួយដែលក្រុង-ខណ្ឌនីមួយៗ យកស្តង់ដានេះទៅវាយតម្លៃការដឹកនាំ និងការអភិវឌ្ឍន៍របស់ក្រុងខ្លួនបាន ពីព្រោះថាបើមើលតាមលក្ខណៈស្តង់ដារនីមួយៗ បើសិនជាក្រុងរបស់ខ្លួនអាចបំពេញតាមលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យបានល្អក្រុងនោះនឹងក្លាយជាក្រុងទំនើប ហើយក្នុងលក្ខណៈវិនិច្ឆ័យផ្ដោតសំខាន់ទៅលើភាពស្អាត ឲ្យភាពស្អាតនេះមិនមែនផ្ដោតសំខាន់ទៅលើតែសំរាមតែមួយមុខទេ ហើយក្រុងនីមួយៗ បើចង់ទទួលបានពានរង្វាន់ការរំដួល៣ទង ក្រុងនោះគឺត្រូវមានកម្រិតភាពស្អាត និងកម្រិតភាពទាក់ទាញរបស់គាត់ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋទទួលបានកម្រិតខ្ពស់ ត្រូវតាមស្តង់ដារដែលបានកំណត់ ហើយស្តង់ដានេះគឺគោលដៅដំបូងរៀបចំដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខមាលភាពនៅក្នុងភូមិឋានរបស់ខ្លួន និងដើម្បីបង្កើតភាពទាក់ទាញវិស័យទេសចរណ៍ និងបង្កើនសុខមាលភាពការរស់នៅរបស់ប្រជាពលរដ្ឋ។









