ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងទិសដៅការងារបន្តត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ លឹម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ជាច្រើននាក់។
មានប្រសាស្ត្រក្នុងកិច្ចប្រជុំ លោកជំទាវ លឹម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរសល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តនូវរាល់សកម្មភាពការងារ ដែលថ្នាក់ដឹកនាំក្រសួង ក៏ដូចជារដ្ឋបាលខេត្តកណ្តាល បានប្រគល់ជូន ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំង ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងសុខុមាលភាព កាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាព គ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួម ចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបន្តថា៖ វិស័យអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង មានកម្មវិធីអាទិភាពគន្លឹះទាំង ៥គឺ៖ ទី១៖អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់, ទី២៖លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣៖ ការងារអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ទី៤៖លើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ទី៥៖ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
ក្នុងឱកាសនោះដែរ លោកជំទាវ លឹម មុយឡេង បានលើកឡើងអំពីស្ថានភាពសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តើមម្តងទៀត ដោយយោធាថៃវាយប្រហារមកលើអធិបតេយ្យភាពកម្ពុជាក្នុងតំបន់ជាច្រើនពិសេសនៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងជាជនស៊ីវិលបាត់បង់ជីវិត រងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើន សន្ធឹកសន្ធាប់។ ក្នុងកាលៈទេសៈស្ថានភាពដ៏លំបាកនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើបន្ថែមជូន លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវចូលរួមអនុវត្តគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដែល បានបញ្ជាក់ជូនដោយម៉ឺងមាត់ថា”ការកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ការពារប្រជាជន និង ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។ ចូលរួមប្រឆាំងរាល់ព័ត៌មានក្លែងក្លាយគ្មានប្រភពច្បាស់លាស់ និងហាមថតរូបភាពសកម្មភាពចល័តទ័ព ចល័តសព្វាវុធ ចល័តរថយន្តដឹងស្បៀង ជៀសវាងសត្រូវចាប់បានទីតាំងនាំឱ្យគ្រោះថ្នាក់ដល់វីរកងទ័ព។ ចូលរួមកម្លាំងសាមគ្គីជាតិតាមរយៈការចូលរួមបរិច្ចាគ ថវិកា និងសម្ភារផ្សេងៗ មានដូចជាៈ អាវរងា ភួយ មុង កន្ទេល តង់ជាដើម។ គាំទ្រ និងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ និងសម្តេចធិបតី និងបន្តពង្រឹងរូបរួមគ្នាក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ប្រកបដោយ ស្មារតីសាមគ្គីជាតិ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជំរុញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ និងកិច្ចការពារ ជាតិមាតុភូមិកម្ពុជាឱ្យបានគង់វង្សជារៀងដរាប។









