ខេត្តកណ្តាល៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ សាលាបឋមសិក្សាដើមឬស ស្ថិតក្នុងភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ជាមួយក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់មន្ត្រីរពាក់ព័ន្ធ និងក្រុមជាងសាងសង់ទាំងអស់សូមឱ្យគិតពីគុណភាព សោភ័ណ្ឌភាពជាចម្បង និងធ្វើយ៉ាងណាត្រូវខិតខំសាងសង់ឱ្យបានរួចរាល់តាមកាលកំណត់ ចៀសវាងការយឺតយ៉ាវនាំឱ្យខកខានដល់ការសិក្សារបស់សិស្សានុសិស្ស។
ឯកឧត្ដម គួច ចំរើន បានបញ្ចាក់ថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ គឺពិតជាបានកើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូនេះហើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា នៅពេលសាលាបឋមសិក្សាដើមឬសនេះ ត្រូវបានសាងសង់រួចរាល់ នោះនឹងផ្ដល់ឱ្យសិស្សានុសិស្សក្នុងមូលដ្ឋានភូមិរលួស ក៏ដូចជាសិស្សានុសិស្សដែលនៅជិតតំបន់នេះ បានចូលរៀនសូត្រទទួលបាននូវចំណេះដឹងបានគ្រប់ៗគ្នា។ ម្យ៉ាងទៀតសាលានេះក៏មានទីធ្លាធំទូលាយ ជាសាលាបឋមសិក្សាមួយ ដែលមានសក្ដានុពលក្នុងក្នុងការចូលរួមប្រកួតប្រជែង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ របស់ខេត្តកណ្តាលនាពេលខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូនៅពេលដែលសាលានេះត្រូវបានសាងសង់រួចរាល់ សូមបន្តយកចិត្តដាក់លើផ្នែកអនាម័យ សោភ័ណ្ឌភាព បរិស្ថាន ក្នុងទីធ្លាសាលារៀនឱ្យមានរបៀបរៀបរយល្អ ត្រូវពង្រឹងលើគុណភាពអប់រំដល់សិស្សានុសិស្ស និងពង្រឹងវិន័យឱ្យបានម៉ឺងម៉ាត់ ដល់សិស្សគ្រប់រូប។
សូមបញ្ជាក់ថា សាលាបឋមសិក្សាដើមឬស គឺគ្រោងសាងសង់លើផ្ទៃដីចំនួន ១ហិតា និង៨០អា មានអាគារសិក្សា ២ខ្នង ទំហំ ៤០ម៉ែត្រ×៩ម៉ែត្រ ដោយ១ខ្នងមាន ៥បន្ទប់ ចាប់ផ្តើមសាងសង់ក្នុងខែ១២ ហើយត្រូវសាងសង់រួចរាល់ក្នុងខែ៤ ឆ្នាំ២០២៦ខាងមុខនេះ។











