កម្ពុជាបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ទង្វើដ៏គឃ្លើនរបស់ថៃបានបើការបាញ់ប្រហារជាថ្មី ឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា និងបាញ់ប្រហារមិនរើសគោលដៅសម្លាប់ជនស៊ីវិល និងកុមារកម្ពុជាជាច្រើននាក់ មលទល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៦ថ្ងៃហើយ ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានអំពាវនាវជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។
អ្នកនាំពាក្យបញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ ។
អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា ។
យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។ សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់ ៕


