អ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលីម្នាក់ និងព្រះសង្ឃស្លៀកពាក់ស៊ីវិលបាននាំគ្នាចូលក្លិប ហើយបានបើករថយន្តម៉ាក ឡិចស៊ីស ៣៣០ មួយគ្រឿងត្រឡប់ទៅវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកចូលផ្ទះលក់ហាងកាហ្វេមួយកន្លែង និងបុកខឿនដាំដើមឈើ បណ្ដាលឲ្យស្លាប់ចំនួន២អង្គ/នាក់ និងរងរបួសធ្ងន់-ស្រាល២អង្គ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លើ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត រួមមាន៖ ១-ឈ្មោះ សៀក តុន អាយុ៣០ឆ្នាំ ជាអ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលី, ២-ឈ្មោះ វ័ន ជាព្រៈសង្ឃ ។ ចំណែកព្រះសង្ឃពីរអង្គទៀតដែលរងរបួសធ្ងន់និងស្រាលពុំទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស ៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២BG-៣២២៣ មួយគ្រឿងធ្វើដំណើរតាមវិថីឧកញ៉ាឌីប៉ុក ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចអក្សរ T រថយន្តពុំបានបត់ឆ្វេងឬបត់ស្ដាំឡើយគឺបើកត្រង់ទៅបុកចូលផ្ទះលក់កាហ្វេមួយកន្លែងខាងលើនិងបុកខឿនដាំផ្កា យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរួញមុខ និងបង្កឲ្យអ្នកជិះដែលគេអះអាងថាអ្នកបើកបរជាអ្នករៀបចំពិធីការនៅវត្តភ្នៀត និងព្រះសង្ឃ១អង្គ ដែលស្លៀកពាក់ស៊ីវិលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ដោយឡែក២នាក់ទៀតដែលស្លៀកពាក់ស៊ីវិលដែលគេអះអាងជាព្រៈសង្ឃដូចគ្នាក៏បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះ ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងរថយន្តមានគ្នាចំនួន៤នាក់ ដែលនៅក្នុងនោះមានម្នាក់ជាអ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី និងបីនាក់ទៀតជាព្រះសង្ឃ ដែលបានដោះស្បង់ចីវរស្លៀកពាក់ស៊ីវិល ក្រោមការរៀបចំពីសំណាក់ពិធីការ ហើយបានបើករថយន្តម៉ាក់ឡិចស៊ីសមួយគ្រឿងខាងលើនាំគ្នា ចូលក្លឹបសប្បាយនៅពេលបើករថយន្តត្រឡប់ទៅវត្តវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់និងរបួសតែម្ដង ។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញស្បង់ជីវរចំនួន២ ។
បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីវាស់វែងរួចស្ទូចយករថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចណ៍ផ្លូវគោកដើម្បីដោះស្រាយ ។
នៅព្រឹកនោះដែរគេឃើញមានព្រះសង្ឃ និងគណៈកម្មការវត្តក៏បាននាំគ្នានិងនិមន្តទៅសូត្រមន្តរៀបចំដឹកសពអ្នករៀបចំពិធីការ និងព្រះសង្ឃបញ្ជូនទៅធ្វើបុណ្យនៅវត្តភ្នៀតសិម្ពលីដែលស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕






