ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ដើម្បីពង្រឹងការទទួលខុសត្រូវលើការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ដែលរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានបន្តលើកទឹកចិត្ត ដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ព្រមទាំង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង សូមខិតខំធ្វើការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ បានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ។
គួរបញ្ជាក់ផងដែរថា៖លទ្ធផលដែលអង្គភាពច្រកចេញចូលតែមួយសម្រេចបានគិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មានដូចជា៖ នីត្យានីកូលកម្ម ៩២០ សេវា,ការងាររដ្ឋបាល ១៤២សេវា,សុខាភិបាល ១១ ២២២សេវា,ទេសចរណ៍ ១៨០សេវា,សាធារណការ និងដឹកជញ្ជូន ១៦ ១៧៩សេវា ,វប្បធម៌ និងវិចិត្រសិល្បៈ ៣សេវា,ព័ត៌មាន ៣០៦សេវា,បរិស្ថាន ៤០សេវា,ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៥៩៧សេវា,រ៉ែ និងថាមពល ៤៥សេវា,ពាណិជ្ជកម្ម ០សេវា,រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ៩ ៤៩៣សេវា,អនឡាញសេវាសុរិយោដី ១២ ០០១សេវា,កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១ ០៧៩សេវា,ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១៤សេវា, សរុបសេវា ៥២ ២២១សេវា, ចំណូលសរុប ១០ ៨២០ ៨៩០ ៨០០រៀល៕









