ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ក្នុងខេត្តកណ្ដាលឱ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជំងឺផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវខិតខំដោះស្រាយការងារនៅមូលដ្ឋានកុំបន្ធូរដៃឱ្យសោះ ត្រូវធ្វើការដោយស្មារតីបេះដូងពិត ត្រូវខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងដាច់ខាតយកការងារនៅមូលដ្ឋានមករំខានដល់ថ្នាក់លើជួយដោះស្រាយ ពីព្រោះក្នុងស្ថានភាពនេះ ត្រូវទុកពេលវេលាឱ្យថ្នាក់លើសម្រាប់គិតគូរទៅលើការងារធំៗរបស់ជាតិទើបជាការប្រសើរបំផុត។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ជាពិសេសកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ខិតខំរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ឱ្យបានល្អប្រសើរជាប្រចាំកុំឱ្យមានការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ទៅមករបស់ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវពង្រឹងវិធានការបង្ក្រាបការនេសាទខុសច្បាប់ ដើម្បីកុំឱ្យធនធានជលផលរបស់យើងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរត្រៀមលក្ខណៈ ក្នុងការបង្ក និងអន្តរាគមន៍ជួយពន្លត់អគ្គិភ័យក៏បានទាន់ពេលវេលាផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជំរុញដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំផ្តល់ប័ណ្ណកម្មសិទ្ធអចលនទ្រព្យជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មួយវិញទៀតត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការធ្វើផែនទីកំណត់ព្រំប្រទល់ភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តឱ្យបានរួចរាល់តាមការកំណត់។











