ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខស៉ី០៩ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់០៤ឡាន ស្មេីរនឹង ១៦ម៉ែត្រគូប, រថយន្តជំនួយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ ផ្ទះល្វែង ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) ឆេះខូចខាតផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន ០១ល្វែង រួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, ទូរទឹកកកចំនួន ០១គ្រឿង និងសម្ភារៈគ្រឿងអេឡិចត្រូនិចខូចៗមួយចំនួនទៀត។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១០និង១០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ ៕




