រាជធានីភ្នំពេញ÷យោងតាមចំណាត់ការតាមផ្លូវច្បាប់នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ តុលាការរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ដែលសមត្ថកិច្ចអះអាងថាជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។
ដោយឡែក ចំពោះយុវជនម្នាក់ទៀតដែលត្រូវជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដែលត្រូវបានបញ្ជូនទៅកាន់តុលាការជាមួយគ្នាដែរនោះ ត្រូវបានតំណាងអយ្យការសម្រេចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ កាលពីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការសាកសួរ និងពិនិត្យលើអង្គហេតុជាក់ស្ដែង ។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្រោយពេលមានការចែកចាយវីដេអូសុំទោសជាសាធារណៈរបស់ភាគីបង្ក។ បច្ចុប្បន្ន ជនជាប់ចោទដែលជាអ្នកបើកបរ កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តតាមនីតិវិធីច្បាប់បន្តនៅក្នុងពន្ធនាគារ ៕



