ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជាមួយការិយាល័យប្រជាពលរដ្ឋក្រុង-ស្រុក ក្នុងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រី ប្រធានការិយាល័យក្រុង-ស្រុកផងដែរ។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ កន្លងមកក្រសួងមហាផ្ទៃបានចាត់តាំងក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ចុះត្រួតពិនិត្យមើលការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋនៅខេត្តមួយចំនួន ដើម្បីផ្តល់ការគាំទ្រ ធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបន្តថា៖ កិច្ចប្រជុំចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជាមួយការិយាល័យប្រជាពលរដ្ឋ ក្រុង/ស្រុក មានគោលបំណងពង្រឹងសមត្ថភាពដោះស្រាយបណ្តឹង និងសេវាសាធារណៈ។ វេទិកានេះផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែង ការផ្លាស់ប្តូរវិធីសាស្ត្រល្អៗ ក្នុងការសម្រុះសម្រួលទំនាស់ និងការបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងតម្លាភាព។
ឯកឧត្តមបានបន្ថែមទៀតថា៖ ការចែករំលែកបទពិសោធន៍ការិយាល័យប្រជាពលរដ្ឋខេត្ត និងផ្លាស់ប្តូរចំណេះដឹងលើករណីសិក្សានៃការដោះស្រាយវិវាទដែលស្មុគស្មាញ និងការពិនិត្យបញ្ហាលើភាពយឺតយ៉ាវ ឬកំហិតនានាក្នុងការអនុវត្តការងារ និងស្វែងរកដំណោះស្រាយរួម ព្រមទាំងពង្រឹងយន្តការលើកកម្ពស់តួនាទីរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងការទទួល និងឆ្លើយតបសំណូមពរនានាក្នុងការអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាលមន្ត្រីឱ្យមានចំណេះដឹងច្បាប់ និងអាកប្បកិរិយាបម្រើសេវាល្អដើម្បីធានាបានថារាល់បញ្ហារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយដោយយុត្តិធម៌ និងកាត់បន្ថយការប្តឹងផ្តល់បន្តទៀត។











