ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់កម្លាំង នៃកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបង្ការ ការពារ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងរបៀបរៀបរយនៅទូទាំងខេត្តកណ្ដាលនាពេលកន្លងមក។
ការកោតសរសើរបែបនេះ នៅក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅកងរាជអាវុធហត្ថខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ នៅពេលដែលប្រជាពលរដ្ឋធ្វើការ យើងទាំងអស់គ្នាជាកងកម្លាំងក៏ធ្វើការដែរ តែនៅពេលមានថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗ ប្រជាពលរដ្ឋឈប់សម្រាក យើងទាំងអស់គ្នាជាកូនកម្លាំងកាន់តែធ្វើការលើសទ្វេដង ពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានផ្លូវឆ្លងកាត់ដោយតភ្ជាប់ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា ដែលជាចរន្តនៃការចាកចេញរបស់ប្រជាពលរដ្ឋយើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពួកគាត់អញ្ជើញទៅស្រុកកំណើតយ៉ាងច្រើនកុះករ ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង ត្រូវត្រៀមខ្លួនក្នុងការសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលពួកគាត់អញ្ជើញទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព ព្រមទាំងសម្រួលបញ្ជៀសនូវការកក់ស្ទះចរាចរណ៍ផងដែរ។










