ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ជាមួយកងកម្លាំង នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ នៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ នៅពេលដែលប្រជាពលរដ្ឋធ្វើការ យើងទាំងអស់គ្នាជាកងកម្លាំងក៏ធ្វើការដែរ តែនៅពេលមានថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗ ប្រជាពលរដ្ឋឈប់សម្រាក យើងទាំងអស់គ្នាជាកងកម្លាំងកាន់តែធ្វើការលើសទ្វេដង ពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានផ្លូវឆ្លងកាត់ដោយតភ្ជាប់ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា ដែលជាចរន្តនៃការចាកចេញរបស់ប្រជាពលរដ្ឋយើង ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពួកគាត់អញ្ជើញទៅស្រុកកំណើតយ៉ាងច្រើនកុះករ ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង ត្រូវត្រៀមខ្លួនក្នុងការសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលពួកគាត់អញ្ជើញទៅស្រុកកំណើត ប្រកបដោយសុវត្ថិភាព ព្រមទាំងសម្រួលបញ្ជៀសនូវការកក់ស្ទះចរាចរណ៍ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមពីនេះ កងកម្លាំងរបស់យើង នៅបំពេញការងារក្នុងការបង្ការ ការពារ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងរបៀបរៀបរយនៅទូទាំងខេត្តកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភនូវ៖ ទឹកសុទ្ធ ភេសជ្ជៈ ប្រេងសាំង និងម៉ាស៊ូត និងថវិកាមួយចំនួនផងដែរ។











