ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រតិភូខេត្តកណ្ដាល ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុកពញាឮ មន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកពលបាលទោ ផុន ច័ន្ទរិទ្ធ នាយទាហាន នៃកងដឹកជញ្ជូន៩១១ នៅសមរភូមិមុខតំបន់ប្រសាទព្រះវិហារ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូខេត្ត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោកពលបាលទោ គឺជាការបាត់បង់កូនប្រុស ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេស គឺជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តមបំផុតមួយ ដែលតែងតែបានរួមចំណែកយ៉ាងធំធេងក្នុងការ ជួយជ្រោមជ្រែងដើម្បីប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលបាននិងកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុកពញាឮ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងដល់ គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកពលបាលទោ ផុន ច័ន្ទរិទ្ធ ឲ្យបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។










