ហេតុការណ៍រថយន្តកុងតឺន័របោះពួយយ៉ាងលឿនបុកសសរស្ពានផ្លូវល្បឿនលឿនបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៩៩-ទៅលេខ១០០) ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយដឹងថានៅមុនពេលកើតហេតុ មានរថយន្ត(កុងតឺន័រ)មួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3E-9488 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ4A-1210 បើកបរដោយឈ្មោះ មី សាវ៉ាត ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកជិះក្នុងរថយន្ដ ភេទស្រី មិនទាន់ស្គាល់អត្តសញ្ញាណ(បានរងរបួសធ្ងន់ធ្ងរ) រថយន្តកុងតឺន័របានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៤ពីទិសខាងលិចទៅទិសខាងកើត នោះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវបុកសសរស្ពានផ្លូវល្បឿនលឿន បណ្តាលឲ្យកៀបស្លាប់តៃកុងរថយន្តឈ្មោះ (មី សាវ៉ាត) ចំណែកអ្នករួមដំណើររងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
នគរបាលស្រុកភ្នំស្រួចបានបន្តអត់ដឹងទៀតថាក្រោយកើតហេតុនគរបាលបានចុះធ្វើការវាស់វែង រងការខូចខាតរថយន្ត០១គ្រឿង កំរិតធ្ងន់ ខូចខាតសសរស្ពាផ្លូវល្បឿនលឿន ចំនួន០៣ដើម និងរងការ ខូចខាតទុយោទឹកស្អាត ប្រវែង៥ម៉ែត្រផងដែរ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថាករណីខាងលើនេះមិនមានការកកស្ទះចរាចរណ៍ធ្វើដំណើរនោះទេ នគរបាលជំនាញកំពុងចាត់ចែងស្ទូចរថយន្តកុងតឺន័រខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំធ្វើដោះស្រាយ និង ចាត់ការតាមផ្លូវច្បាប់៕







