រាជធានីភ្នំពេញ ៖ មនុស្ស០៣នាក់ត្រូវបានរងរបួសធ្ងន់-ស្រាល បញ្ជូនទៅមន្ទីរពេទ្យ ក្រោយផ្ទុះហ្គាសម៉ាសុីនត្រជាក់ កំឡុង ពេលជួសជុល ។ ករណីផ្ទុះនេះដែរ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២៦ នៅចំណុចហាងសាច់អាំងបែបជប៉ុនលើបណ្តោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីបុគ្គលិកនៅហាងសាច់អាំងបែបជប៉ុនខាងលើបានប្រាប់ថា មុនកើតហេតុ បុរស០៣នាក់ ដែលជាក្រុមជាងជួសជុលម៉ាស៊ីនត្រជាក់ប្រចាំហាង បានមកធ្វើការពិនិត្យម៉ាស៊ីនត្រជាក់នៅខាងក្រោយផ្នែកខាងនៃហាង ។ ភ្លាមៗនោះ មិនដឹងថា មានបញ្ហាអ្វីនោះ សង្ស័យខុសបច្ចេកទេសបណ្ដាល ក៏ស្រាប់តែផ្ទុះហ្គាសត្រជាក់ បណ្តាលអោយរបួសធ្ងន់០២នាក់ នឹងម្នាក់ទៀតរងរបួសស្រាលបញ្ជូនមន្ទីរពេទ្យតែម្តង ប៉ុន្តែមិនបង្កការឆាបឆេះនោះឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្រ្តីជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើកំណត់ហេតុ ដើម្បីបញ្ចប់ ៕

