ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្តែងការហួសចិត្ត និងមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ បានចុះមកណែនាំ និងដេញរូបគាត់ឱ្យចាកចេញពីសួនច្បារ ក្នុងអំឡុងពេលដែលគាត់កំពុងអង្គុយសម្រាកលំហែក្រោយបញ្ចប់ការហាត់ប្រាណវៃសីនៅពេលយប់។
យោងតាមការរៀបរាប់របស់ស្ត្រីរូបនោះ ហេតុការណ៍បានកើតឡើងនៅក្នុងចន្លោះម៉ោង ១១:០០ ដល់ ១២:០០ យប់ដែលជាពេលដែលគាត់ទើបតែបញ្ចប់ការហាត់ប្រាណវៃសី ហើយកំពុងអង្គុយសម្រាកនៅទីនោះ។ ស្រាប់តែមានមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ បានចុះមកអនុវត្តការងារ ដោយបានបញ្ជាក់ប្រាប់គាត់យ៉ាងម៉ឺងម៉ាត់ថា «ចាប់ពីម៉ោង ១១:០០ យប់ឡើងទៅ គឺរូបលោកត្រូវតែដើរដេញប្រជាពលរដ្ឋចេញពីសួនច្បារទាំងអស់»។
អ្វីដែលធ្វើឱ្យស្ត្រីរូបនេះកាន់តែហួសចិត្ត និងមិនអាចទទួលយកបាន គឺអាកប្បកិរិយារបស់មន្ត្រីរូបនោះ មន្ត្រីរូបនោះមិនត្រឹមតែដេញគាត់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសួរចង់ដឹងពីការងារ និងមុខរបររបស់គាត់ ដែលគាត់យល់ថាជារឿងឯកជន និងគ្មានភាពចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលនៅពេលយប់បែបនេះ។
គាត់បានលើកឡើងថា ការដេញប្រជាពលរដ្ឋចេញពីសួនច្បារដែលជាទីសាធារណៈដោយមិនមានការយោគយល់ ក្នុងម៉ោងដែលមនុស្សមួយចំនួនកំពុងសម្រាកលំហែ ហើយការប្រើសម្តីក្នុងន័យបង្ខំ បានធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ និងហាក់ដូចជាការប្រើអំណាចលើសតួនាទី។
ជុំវិញករណីនេះ ស្ត្រីរូបនោះ បានដាក់ជាសំណួរថា តើសួនច្បារសាធារណៈមានបម្រាមហាមមិនឱ្យអង្គុយសម្រាកក្នុងចន្លោះម៉ោង ១១:០០ ដល់ ១២:០០ យប់ដែរឬទេ? ហើយតើមន្ត្រីអាជ្ញាធរមានសិទ្ធិសួរនាំរឿងការងារផ្ទាល់ខ្លួនរបស់ពលរដ្ឋបែបនេះដែរឬទេ?
មកទល់ពេលនេះ ខាងអាជ្ញាធរខណ្ឌដូនពេញមិនទាន់មានការបកស្រាយណាមួយជាផ្លូវការនៅឡើយទេ។




