ខេត្តព្រៃវែង ៖ ដោយអត់ទ្រាំនឹងសម្លេងរំខានពីសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនចតុមុខ ព្រោះរំខានខ្លាំងពេក មិនថាយប់ឬថ្ងៃ
ឡើយ។
ហេតុដូច្នេះទើបប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានប្រតិកម្មផ្ទុះការតវ៉ាលើកគ្នាជិះទូក ទៅដេញសាឡង់បូមខ្សាច់ឲ្យចាក់ចេញពីតំបន់នោះ។
ពលរដ្ឋអះអាងថា ក្រុមហ៊ុនចតុមុខ តែងធ្វើសកម្មភាពបូមខ្សាច់ទាំងថ្ងៃ និងយប់បង្កឱ្យច្រាំងទន្លេបាក់ស្រុត ប៉ះពាល់ដល់ដីធ្លី លំនៅឋាន និងការរស់នៅរបស់ពួកគាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋអះអាងថា សាឡង់បូមខ្សាច់មិនត្រឹមតែធ្វើឱ្យច្រាំងទន្លេប្រឈមការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបង្កសំឡេងរំខានខ្លាំងទាំងពេលថ្ងៃ និងពេលយប់ រហូតធ្វើឱ្យពួកគាត់រស់នៅដោយគ្មានភាពសុខសាន្ត។ ពលរដ្ឋបញ្ជាក់បន្ថែមថា នេះមិនមែនជាលើកទី១ឡើយ ដែលនាំគ្នាចេញមកតវ៉ា ព្រោះកន្លងមកធ្លាប់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនដង ប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់។ រាល់ពេលមានការតវ៉ា សាឡង់តែងបើកចេញ ប៉ុន្តែក្រោយប្រជាពលរដ្ឋត្រឡប់ទៅវិញ ក៏ចូលមកបូមខ្សាច់សារជាថ្មី ។
ទោះបីជាហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសក៏ដោយ ក្រុមហ៊ុនបានបើកសាឡង់ចាកចេញពីទីតាំង ក្រោយប្រឈមមុខនឹងកំហឹងរបស់ប្រជាពលរដ្ឋ។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានបញ្ជាក់ថា ពិតជាមានប្រជាពលរដ្ឋនាំគ្នាទៅរារាំង និងដេញសាឡង់បូមខ្សាច់នៅទន្លេមេគង្គមែន ប៉ុន្តែក្រោយមានការអន្តរាគមន៍ ភាគីទាំងពីរបានបំបែកគ្នា ដោយមិនមានភាគីណាមួយដាក់ពាក្យបណ្តឹងនោះទេ។
ចំណែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឱ្យដឹងថា តាមព័ត៌មានបឋម សាឡង់បូមខ្សាច់បានទាក់ដាច់មងរបស់ប្រជានេសាទ ទើបបង្កឱ្យមានការខឹង សម្បា និងនាំគ្នាចេញទៅរារាំង។ ក្រោយកើតហេតុ អាជ្ញាធរបានចុះអន្តរាគមន៍ភ្លាមៗ និងបញ្ជាឱ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់ជាបណ្តោះអាសន្ន។
ដោយឡែក លោក ឆៃ វិចិត្រ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រុមហ៊ុនចតុមុខមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល ប៉ុន្តែបានផ្អាកសកម្មភាពជាងមួយឆ្នាំមកហើយ។ ការចូលមកបូមឡើងវិញដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន បាននាំឱ្យកើតមានការប៉ះទង្គិចជាមួយប្រជានេសាទ។
បច្ចុប្បន្ន មន្ត្រីជំនាញបានសម្រេចផ្អាកសកម្មភាពបូមខ្សាច់ រង់ចាំការដោះស្រាយ និងពិនិត្យបន្ថែម៕









